CEN Library - ​ក្តីសង្ឃឹម ជា​ទម្រង់​នៃ​ការតស៊ូ​

​ក្តីសង្ឃឹម ជា​ទម្រង់​នៃ​ការតស៊ូ​

មិនមាន​ហេតុការណ៍ប្រវត្តិសាស្ត្រ​ណាមួយដែល​មិន​ជាប់​ពាក់ព័ន្ធនឹង​គ្នា​នោះទេ​។ យើង​សិក្សា​ស្វែងយល់ពី​អតីតកាល​តាមរយៈ​ខ្សែសង្វាក់ ព្រឹត្តិការណ៍ និង​ការ សម្រេចចិត្ត បណ្ដាលឱ្យមាន​វិបត្តិជនភៀសខ្លួន ដែល​យើង​អាច​ឃើញនៅ​តំបន់​អឺរ៉ុប នាពេល​បច្ចុប្បន្ននេះ ខណៈដែល​យើងបាន​ចាក​ឆ្ងាយ​ពីរបប​ប្រល័យពូជសាសន៍ ខ្មែរក្រហម នៅក្នុង​ប្រទេស​កម្ពុជា ឬ​អំពើ​ប្រល័យពូជសាសន៍ដែល​បាន​ប្រព្រឹត្តនៅលើ​ជនជាតិ​អា​មេ​នី កាលពី​ជាង១00 ឆ្នាំមុន​។​
​ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជួប​ជាមួយ​លោក អែ​ដ​វឺ​ដ ណា​ល​បាន​ឌី​ន (Edward Nalbandian) រដ្ឋមន្ត្រីការបរទេសប្រទេស​អា​មេ​នី​
មេរៀន​សំខាន់​មួយទៀត ដែល​ខ្ញុំ​គិតថា យើង​គួរតែ​ពិចារណានាពេល​បច្ចុប្បន្ននេះ គឺជា​មេរៀន​នៃ​ក្តីសង្ឃឹម​។ ក្តីសង្ឃឹម ជា​ទម្រង់​នៃ​ការតស៊ូ​ប្រឆាំង​មួយ​។ ក្តីសង្ឃឹម ជ្រួត​ជ្រាប​ពាសពេញអ្វី​គ្រប់យ៉ាងដែល​យើង​ធ្វើ ព្រោះ​ក្ដី​ស​ង្ឈឹ​មជា​សរសៃឈាម នៃ​អរិយធម៌ ហើយ​នេះ​ក្ដី​ស​ង្ឈឹ​ម ក៏​ជា​សមាសធាតុ​ដំបូងនៃ​ភាពជា​ជនរងគ្រោះ​។ មិនមាន​បញ្ហា​ចោទ​ទៅលើ រយៈកាល​, វប្បធម៌​, ឬ​បទឧក្រិដ្ឋ​, ក្ដីសង្ឃឹម ជា​ទិដ្ឋភាព​ដំបូង​មួយ របស់​មនុស្សជាតិ ដែល​ត្រូវបាន​កសាងឡើង​វិញ​ទេ​។ យើង​ត្រូវតែ​សាង​ក្តីសង្ឃឹម ទាំង​ក្នុង​កម្រិត​សមូហភាព និង​ឯក​ត្តភាព តាមរយៈ​ការប្រព្រឹត្ត​សាមញ្ញ នៃ​សេចក្ដី​សប្បុរស​, សេចក្ដី​គោរព ឬ​ការចិញ្ចឹម​បីបាច់​, ឬ​ការប្រព្រឹត្ត​សមូហភាព នៃ​ការទទួលស្គាល់​សេចក្តីថ្លៃថ្នូរ​, អំពើហិង្សា និង​អំពើ​ប្រល័យពូជសាសន៍ ដែល​មនុស្សជាតិបាន​ជំនះ ហើយ​ទីបំផុត យើង​អាច​យក​សកម្មភាព​ទាំងនេបោះជំហាន​ទៅរកការកសាង​ក្ដី​ស​ង្ឈឹ​ម និង​ស្រោចស្រង់​មនុស្សជាតិ ដែល​បាន​បាត់បង់​។​
​    ​
​ប៉ុន្តែ​យើង​មិនអាច​ជំនួសអ្វី​គ្រប់យ៉ាងដែល​ត្រូវបាន​បាត់បង់ទៅហើយ​នោះទេ​។ មិនមាន​បញ្ហា​ថា តើ​យើង​ពុះពារ​ខ្លាំង​ប៉ុនណា ដើម្បី​ធ្វើអំពើ​ល្អ និង​ស្រោចស្រង់​មនុស្សជាតិ នៃ​ភាពជា​ជនរងគ្រោះ​, យើង​នឹង​ក្លាយ​ជាមានបញ្ញា​ត្រិះរិះ ដឹងថា នៅក្នុង​សង្គម​ក្រោយ​ជម្លោះ​, យើង​ត្រូវ​ចំណាយពេលច្រើន​ជំនាន់ ដើម្បី​ព្យាបាល​របួស​នេះ បើសិន​មនុស្ស​ជំនាន់​ក្រោយៗ​ទាំងនោះពិតជា​ធ្វើ​។ អស់​រយៈកាល៤១ឆ្នាំ នៅក្នុង​ខែមេសា ២០១៦ នេះ​គឺ​នៅពេលដែល​ខ្មែរក្រហមឡើងកាន់​អំណាច​, និង​អស់​រយៈពេល​ជិត​៤​ឆ្នាំ​, ប្រជាជន​កម្ពុ​ជាជាង២លាន​នាក់ ត្រូវបាន​សម្លាប់​, បង្អត់អាហារ​, ឬ​ស្លាប់​ដោយសារ​ជំងឺ ឬ​ការ​អស់កម្លាំង​។​
​    ​
​គ្រួសារ​របស់ខ្ញុំ ជា​គ្រួសារ​មួយ​នៃគ្រួសារ​កម្ពុជា​ទាំងនេះ​។ ដោយសារតែ​ការជម្លៀស ដោយ​បង្ខំ​ពី​ភ្នំពេញ​, យើង​បាន​តាំងទី​លំនៅនៅក្នុង​ភូមិកំណើត​រប​ស់​ម្តាយ​យើង នៅក្នុង​ខេត្តតាកែវ​។ នៅ​ឆ្នាំ​១៩៧៥ មាន​ពាក្យ​ចចាមអារ៉ាម​ថា យើង​នឹង​អាច​វិលត្រឡប់ ទៅផ្ទះ​របស់​យើងនៅ​ភ្នំពេញ​វិញ​បាន​។ ថ្ងៃមួយ ខ្មែរក្រហមបានមក​ប្រាប់​យើង​ឲ្យ​ខ្ចប់ របស់របរ និង​ទៅ​កន្លែង​ផ្សេង​។ យើង​សង្ឃឹមថា ដំណើរ​វិលត្រឡប់​ទៅផ្ទះ​វិញ នៅពេល នេះ បានចាប់ផ្តើម​ហើយ​។​
​    ​
​យើង​ត្រូវបាន​ដឹក​តាម​រទេះភ្លើង​។ មាន​មនុស្ស​ជាច្រើន​ណាស់ នៅលើ​រទេះភ្លើង រហូតដល់​យើងមិនអាច​សូម្បីតែ​អង្គុយ​។ បងស្រី​របស់ខ្ញុំ​ម្នាក់ ទើបតែ​សម្រាល​បានកូន​ស្រី​ម្នាក់ ដែលមាន​អាយុ​តែ ៣-៤ ខែ តែប៉ុណ្ណោះ​។ យើងទាំងអស់គ្នា ព្រួយបារម្ភ​អំពី​អ្វី ដែល​នឹងត្រូវ​កើត​បន្ទាប់​។ យប់​មួយ ឪពុកមា​របស់ខ្ញុំ (​កែវ ឈឿន​) មើល​ផ្កាយ ហើយ​គាត់​បាន​រំឭក​យើងពី​ផ្កាយក្រពើ​។​
​    ​
​ផ្កាយក្រពើ គឺជា​រឿងនិទាន ដែល​យើង​បានដឹង តាំងពី​កុមារភាព​។ វា​ជា​រឿង​ចាស់ និយាយ​អំពី​សត្វ​ក្រពើ​មួយ​ក្បាល ដែល​បាន​ធ្វើអំពើ​ល្អ ហើយ​ជា​លទ្ធផល ក្រពើ​នោះ បាន​ក្លាយជាផ្កាយ​នៅលើ​មេឃ​។ ផ្កាយក្រពើ តែងតែ​ត្រូវបាន​គេ​យល់ឃើញថា ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​, ការនាំ​ទិស​, និង​អ្វីដែល​ល្អៗ​។ មនុស្ស​អាច​មើល​បាន តាមរយៈ​ការ​រះ​ឡើង​របស់​ផ្កាយ នៅ​ភាគ​ឦសាន និង​អាច​ប្រទះឃើញ​ផ្កាយក្រពើ ដែល​នឹង​បង្ហាញផ្លូវ​ដល់​ខ្លួន​។​
​    ​
​ខ​ណៈជិះ​នៅក្នុង​រថភ្លើង​, នៅក្នុង​ភាព​ងងឹត​នៃ​យប់នោះ​, ឪពុក​របស់ខ្ញុំ បាន​រកមើល​ផ្កាយក្រពើ និង​បាន​ចង្អុល​ប្រាប់​យើង​។ គាត់​បាន​ប្រាប់​យើង​ថា យើង​កំពុងតែ​ធ្វើដំណើរតាម​ទិស​ទៅកាន់​ភ្នំពេញ ទៅផ្ទះ​របស់​យើង​។ យើង​មាន​អារម្មណ៍​រំភើប និង​សប្បាយចិត្ត​ខ្លាំងណាស់ ពីព្រោះ​យើង​ជឿថា យើង​ពិតជា​កំពុងតែ ធ្វើដំណើរ​ទៅផ្ទះ​វិញ​។ យើង​បាន​បន្តដំណើរ​ទៅមុខ ទាំង​ថ្ងៃ ទាំងយប់ ហើយ​បាន​ឈប់​នៅ​កន្លែង​ផ្សេងគ្នា ប៉ុន្តែ​មិនមាន​អ្វី​ចោទជា​បញ្ហា​នោះទេ បើសិន​យើង​កំពុង​ទៅតាម​ទិស​ត្រឹម ត្រូវ។ រំពេច​នោះ ការពិត​បាន​លេចឡើង​។ ពេល​ដល់​ខេត្តពោធិ៍សាត់ មនុស្ស​ជាច្រើន ត្រូវបាន​ឲ្យ​ចាក​ចេញពី​រទេះភ្លើង​។ អ្នកដំណើរ​សេសសល់ នៅលើ​រទេះភ្លើង បាន​បន្តដំណើរ​ទៅមុខទៀត​ទៅ​។ ការធ្វើដំណើរ​របស់​យើង បាន​មិនបាន​បញ្ចប់ ហើយ​វា​គ្រាន់តែ​ជាការចាប់ផ្តើម​តែប៉ុណ្ណោះ​។​
​    ​
​ខ្ញុំ​តែងតែ​គិតពី​ផ្កាយក្រពើ​។ ខ្ញុំ​នៅតែ​គិតពី​វានាពេល​បច្ចុប្បន្ននេះ​។ សម្រាប់​រយៈកាល​ខ្លី​, ផ្កាយក្រពើបានផ្ដល់​ឱ្យ​យើង​នូវក្ដីសង្ឃឹម និង​សុភមង្គល​, បើទោះបីជា​នៅ​ទីបំផុត​, វា​គ្រាន់តែ​ជា​សុបិន​មួយ​តែប៉ុណ្ណោះ​។ គ្រួសារ​ខ្ញុំ​បាន​បែកបាក់​, ហើយ​យើង​ធ្លាក់​ចូលដល់​ជីវិត​ថ្មី​មួយ នៃ​ភាពអត់ឃ្លាន​, ការធ្វើការ​ហួសកម្លាំង និង​អំពើ​ប្រល័យពូជសាសន៍​។ ខ្ញុំ​មាន​អារម្មណ៍​ថា មានសំណាង ដែល​បាន​រួចផុតជីវិត​ពី រយៈកាល​យ៉ាង​រន្ធត់​នោះ​។ សមាជិក​ក្រុមគ្រួសារ​ជាច្រើន រួមទាំង​កូន​របស់​បងស្រី​ខ្ញុំ និង​ឪពុក​របស់ខ្ញុំ មិនបាន​រួចផុតជីវិតពី​រយៈកាល​នោះទេ​។​    ​

​សារមន្ទីរ​ប្រល័យពូជសាសន៍ នៅ​រដ្ឋធានី​យ៉េ​រ៉េ​វ៉ាន់ ប្រទេស​អា​មេ​នី​
​ខ្ញុំ​និយាយប្រាប់​រឿងរ៉ាវ​ជីវិត​នេះ ពីព្រោះ​ផ្កាយ​នៃ​ក្តីសង្ឃឹម បាន​រក្សាទុក​អារម្មណ៍ កុមារភាព​របស់ខ្ញុំ ឲ្យ​នៅមាន​ជីវិត​ជានិច្ច​, ទោះបី​គ្រាន់តែ​ជារយៈពេល​ខ្លី​មួយ​។ ប៉ុន្តែ​ខ្ញុំ​នឹងមិន​គិតពី​ផ្កាយក្រពើ ដូច​ក្នុង​រឿងនិទានទៀតឡើយ​។​
     ​
​យើង​ប្រហែលជា មិនអាច​ធ្វើឱ្យ​ជនរងគ្រោះ​, បុគ្គល​ម្នាក់​, សហគមន៍ និង​សង្គម រួបរួម​ពេញលេញ​នោះទេ ប៉ុន្តែ​យើង​អាច​ខិតខំ​ធ្វើ​ល្អ ហើយ​រាល់​ទង្វើ​ល្អ​តិចតួច ជាការ​បង្ហាញ​ពី​មនុស្សជាតិ រួបរួម​របស់​យើង និង​ជា​ពន្លឺ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។
​    ​
​ខាងលើនេះ​ជា​សុន្ទរកថា​របស់ លោក ឆាំង យុ នៅ​ប្រទេស​អា​មេ​នី ក្នុង​កិច្ចប្រជុំ​ពិភព លោក ស្តីពី​ការប្រឆាំង​អំពើ​ប្រល័យពូជសាសន៍ ដែល​បានកើត​នៅ​ប្រទេស​អា​មេ​នី ១០០ឆ្នាំកន្លងមកហើយ​៕V/S​